ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុកឈ្មោះ Som Oun Keo ដែលបានខមមិន (Comment) នៅក្នុងផេកហ្វេសប៊ុក សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា «សូមសម្តេចជួយដោះស្រាយឲ្យក្រុមគ្រួសារខ្ញុំផង កាលពីឆ្នាំ២០១៩ ប្អូនស្រីខ្ញុំបានចាញ់បោកជនបោកប្រាស់ដែលថាជួយរត់ការឲ្យប្អូនស្រីខ្ញុំ ចូលក្របខ័ណ្ឌនគរបាល ហើយថ្លៃរត់ការនោះគេយក ១៧,០០០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ដុល្លារ) ។ ប៉ុន្តែពេលនេះការងារក៏អត់ សងលុយវិញក៏អត់ ហើយខ្ញុំបានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប៉ុន្តែមន្រ្តីនគរបាល មិនទាន់ដោះស្រាយឲ្យទេ (ជនបង្កឈ្មោះ គ្រី រ៉ាឌី មុខរបរប៉ូលីស) សូមសម្តេច រកយុត្តិធម៌ ជូនគ្រួសារខ្ញុំផង»។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវករណីដែលបានរាយការណ៍នោះ។

ជាលទ្ធផល ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ភាគីទាំងពីរដោយភាគី គ្រី រ៉ាឌី មានមេធាវីជាតំណាងបានមកជជែកចរចាព្រមព្រៀងគ្នាជាមួយដើមបណ្តឹង ហើយភាគីឈ្មោះ គ្រី រ៉ាឌី បានយល់ព្រមសងប្រាក់ទៅឱ្យភាគីដើមបណ្តឹង ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) ហើយនៅខ្វះ ៧,០០០ដុល្លារ (ប្រាំពីរពាន់ដុល្លារ) ភាគីឈ្មោះ គ្រី រ៉ាឌី សន្យាប្រគល់គ្រប់ចំនួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ភាគីគណនីហ្វេសប៊ុកឈ្មោះ Sam Oun Keo ដែលមានឈ្មោះ យ៉ាង សំអូន បន្ទាប់ពីទទួលបានសំណងរួចមកបានសរសេរខមមិន (Comment) ទៅក្នុងផេកសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ វិញ ដោយបានថ្លែងអំណរអរព្រះគុណដល់សម្តេចដែលបានជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំ ។ មួយវិញទៀតក៏សូមអរគុណដល់សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានដោះស្រាយយ៉ាងសកម្ម និងមានភាពយុត្តិធម៌។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ