ក្រសួងធម្មការ ហាមមិនឱ្យយកធម៌ព្រះពុទ្ធ ទៅលេងកំប្លែង ធ្វើធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានចេញមកហាមឃាត់មិនឱ្យយកធម៌ព្រះពុទ្ធ ទៅលេងកំប្លែង ធ្វើធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។
យោងតាមសារាចរណ៍ណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី២៥ កញ្ញា បានឲ្យដឹងថា «ហាមយកពុទ្ធដីកា(បាលី ធម៌ព្រះ)ទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)»។
សារាចរណ៍ណែនាំ ដែលចេញមុនរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃ បានណែនាំដោយហាមមិនឱ្យយកព្រះពុទ្ធសាសនា ធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ ការទេសនា ការបង្រៀនធម៌ ការផ្សព្វផ្សាយ ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមឩមអាម សីលវិជ្ជាការ (ទុវិជ្ជា)ដែលជាសកម្មភាព មានលក្ខណៈបោកប្រាស់៕EB