សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្តេជ្ញានឹងបន្ត ចូលរួមកិច្ចខិតខំប្រឹងប្រែង ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូសម្រាប់ប្រជាជនរវាង កម្ពុជា-បារាំង និងសម្រាប់សហគមន៍អន្តរជាតិ។

នេះបើយោងតាមរយៈសារលិខិតផ្ញើជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីសាធារណរដ្ឋបារាំង ឆ្លើយតបចំពោះលិខិតអញ្ជើញរបស់ ឯកឧត្តម ប្រធានាធិបតី កាលពីពេលថ្មីៗនេះ ដែលអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញ សម្ដេច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា។ នេះជាកិត្តិយសដ៏ធំធេង ហើយសម្ដេច ទទួលយកឱកាសនេះ ជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។

ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា នៅទីក្រុងប៉ារីសនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរវាងប្រជាជាតិទាំងពីរ។

ក្នុងការបន្តសន្ទុះនេះ ទស្សនកិច្ចរបស់ សម្ដេចធិបតី  មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក។ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយ ចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។

សម្ដេច នាយករដ្ឋមន្ដ្រីថា «ខ្ញុំជឿជាក់ថា ការពិភាក្សារបស់យើងនឹងរួមចំណែកឲ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំមកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។ កម្ពុជាប្តេជ្ញាចិត្តនឹងបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូរបស់យើង សម្រាប់ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ