សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កំណែទម្រង់ប្រឡងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ដោយទទួលខុសត្រូវលើខ្លួនឯង
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ដោយបង្កើតវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯង។
នាឱកាសអញ្ជើញសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការប្រឡងបាក់ឌុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកភាពខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។
សម្ដេច បញ្ជាក់ថា «ការប្រឡង បានធ្វើឱ្យយើងជំនួសនូវវប្បធម៌ ឬផ្នតគំនិត វិជ្ជមានមួយចំនួន ទៅដល់វប្បធម៌ដែលធ្លាប់ ដែលមានពេលមុនមិនល្អ។ ទីមួយជំនួសវប្បធម៌អន្តរាគមន៍ ដោយវប្បធម៌ទទួលខុសត្រូវបុគ្គល។ ជិតប្រឡងអត់មានឪពុក-ម្ដាយ រត់ទៅរកអន្តរាគមន៍ទៀតទេ ហើយក្មួយៗក៏មិនពឹងទៅឪពុក-ម្ដាយ ឬបងប្អូន ទៅរកពឹងគេឱ្យជាប់ដែរ តែត្រូវ ទទួលខុសត្រូវដោយខ្លួនឯង នេះគឺជាវប្បធម៌មួយដែលសំខាន់ណាស់ ក្នុងការប្រឡង»។
សម្ដេច បន្ដថា វប្បធម៌ នៃការប្រឡងនេះ គឺគ្រួសានីមួយៗ សិស្សម្នាក់ៗ បានចូលរួមដោយដាក់បន្ទុកការជាប់ ឬធ្លាប់ គឺជារបស់ខ្លួន ជៀជាងរត់ទៅរកការអន្តរាគមន៍ បែរមកការខិតខំរៀនសូត្រវិញ។ បទពិសោធន៍ នៃការប្រឡងបាក់ឌុប គឺបានបង្កើតវប្បធម៌ និងផ្នត់គំនិតឱ្យមានជំនឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃ ហើយក៏ជាវប្បធម៌ដ៏មានតម្លៃ និងត្រូវធ្វើបន្តទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕EB