អង្គការសហប្រជាជាតិ ៖មនុស្ស ១១៤ លាននាក់ បានផ្លាស់ទីលំនៅដោយបង្ខំនៅទូទាំងពិភពលោក ភាគច្រើនមកពីប្រទេសដែលកំពុងមានសង្គ្រាម
បរទេស៖ អង្គការសហប្រជាជាតិ ថា ចំនួនមនុស្សដែលរស់នៅក្នុងការផ្លាស់ទីលំនៅដោយបង្ខំ នៅជុំវិញពិភពលោក បានកើនឡើងលើសពី ១១៤ លាននាក់ ដែលជាតួលេខកំណត់ត្រាខ្ពស់បំផុតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានBBC នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០ ២៣។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមចុងខែកញ្ញា ចំនួនមនុស្សផ្លាស់ទីលំនៅដោយសារតែសង្រ្គាម ការធ្វើទុក្ខបុកម្នេញ អំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក ទំនងជាមានលើសពី ១១៤ លាននាក់»។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានគូសបញ្ជាក់ទៀតថា កត្តាជំរុញសំខាន់ៗនៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៣ គឺជម្លោះនៅអ៊ុយក្រែន ស៊ូដង់ មីយ៉ាន់ម៉ា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ព្រមទាំងវិបត្តិមនុស្សធម៌ដែលអូសបន្លាយក្នុងប្រទេសអាហ្វហ្គានីស្ថាន និងសូម៉ាលីដែលប្រឈមនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងអសន្តិសុខផងដែរ៕