ក្រុងកៀវ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិយាយថា មនុស្សច្រើនជាង ១៥លាននាក់មកពីប្រទេសអ៊ុយក្រែនបាននិងកំពុងឆ្លងកាត់ព្រំដែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន CCTV នៅថ្ងៃទី០៥ ធ្នូ ២០២២។
អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាព ស្តីពី “ស្ថានភាពជនភៀសខ្លួនអ៊ុយក្រែន” ដែលបានឱ្យដឹងថា មនុស្សឆ្លងកាត់ព្រំដែនប្រហែល ១៥.៨៣លាននាក់មកពីអ៊ុយក្រែន បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជិតខាង តួលេខនេះត្រូវបានកត់ត្រាគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំណែកមនុស្ស ៧.៨៨លាននាក់បានចូលទៅក្នុងប្រទេសប៉ូឡូញ និង ១.៨១លាននាក់បានឆ្លងចូលទៅក្នុងប្រទេសហុងគ្រី ហើយប្រហែល ១.៥៨លាននាក់បានទៅក្នុងប្រទេសរ៉ូម៉ានី ខណៈដែលមនុស្ស ៩៧០.០០០នាក់ចូលទៅក្នុងប្រទេសស្លូវ៉ាគី និង ៧០០.០០០នាក់ទៀតបានភៀសខ្លួនទៅម៉ុលដាវី។ ។
ទន្ទឹមនឹងនេះ ក៏មានមនុស្សឆ្លងកាត់ព្រំដែនប្រហែល ៨.១២លានផ្សេងទៀតចូលទៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ដោយតួលេខនេះ ត្រូវបានកត់ត្រាចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី។
យ៉ាងណាមិញ គេជឿជាក់ថា ចំនួននេះរួមបញ្ចូលទាំងជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ប៉ុន្តែក្រោយមកបានត្រឡប់មកវិញ នៅពេលដែលស្ថានភាពនៅក្នុងប្រទេសមានភាពប្រសើរឡើង៕