ក្រសួងសុខាភិបាល ក្រើនរំលឹកក្នុងការត្រៀមលក្ខណៈផ្ដល់សេវាព្យាបាល ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកក្នុងការត្រៀមលក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
តាមរយៈលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រសួង បានរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ដោយមានរថយន្តគិលានសង្គ្រោះ និងរថយន្តគ្លីនិកចល័ត នៅតាមទីកន្លែងប្រចាំការតាមគោលដៅ កំណត់ ទាំង២២គោលដៅ ក្នុងរាជធានីភ្នំពេញរួចមកហើយ។
បន្ថែមលើនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់អគ្គនាយក នាយក ប្រធានមន្ទីរពេទ្យ ត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ក្នុងការផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីធានាឱ្យការផ្តល់សេវាបានទាន់ពេលវេលា ជាពិសេស ប្រសិនបើមានឧបទ្ទវហេតុផ្សេងៗកើតឡើងជាយថាហេតុ។
ក្រសួង បន្ថែមថា ការត្រៀមលក្ខណៈរួមមាន៖ រៀបចំបែងចែកក្រុមគ្រូពេទ្យ និងអ្នកទទួលខុសត្រូវបន្ថែមប្រចាំថ្ងៃ នៅតាមផ្នែកនីមួយៗ ជាពិសេស នៅផ្នែកសង្គ្រោះបន្ទាន់, ត្រៀមឱសថ សម្ភារៈបរិក្ខារពេទ្យ និងមធ្យោបាយផ្សេងៗ សម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់, ត្រៀមលក្ខណៈចល័តគ្រូពេទ្យបន្ថែម សម្រាប់ជួយឱ្យបានទាន់ពេលវេលានៅពេលមានតម្រូវការ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ