ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជាថ្មីថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី “យុទ្ធសាស្រ្តនយោបាយព័ត៌មាន” ដែលបានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញនេះ មានគោលបំណងស្នូល ក្នុងកិច្ច ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំ ផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការ ប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និង ជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្នផងដែរ។

លោក បន្ដថា ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំ គឺជាការបង្ហាញចេញនូវ ដំណោះស្រាយ នៃបញ្ហាប្រឈមនានា តាមរយៈដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល(រលកអាកាស វិទ្យុ អេឡិចត្រួនិក) ដែលជាគោលនយោបាយ ក្នុងកិច្ចបង្កើន គុណភាព  បង្កើតបាននូវលំហប្រជាធិបតេយ្យ ជាមូលដ្ឋានគ្រឹះ នៃកិច្ចផ្តល់សេវាកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កិច្ចប្រជុំរយៈពេល មួយថ្ងៃពេញនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ជាមួយនិងការផ្លាស់ប្តូរបទពិសោធន៍ ការងារកន្លងមករបស់អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន នូវកិច្ចការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ដោយមានបទឧទ្ទិសនាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ