ភ្នំពេញ  ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា  ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូចពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។

ការលើកឡើងរបស់ពួកគេ  មានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ឋនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយតម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់  ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា  នាថ្ងៃទី៤  សីហា  ថា  បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើបែរជាធ្វើមិនដឹងមិនឮអំពីអត្រាអ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចំរើននៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែល  បន្ដថា  អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍  នៃកម្ពុជា  ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវសេចក្ដីអត្ថាធិប្បាយរបស់

អ្នករាយការណ៍ពិសេស និងសូមក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យ បានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការបំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តនិងនិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់កម្ពុជាជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ