ប្រធានាធិបតីអាល្លឺម៉ង់ និងភរិយា បានអញ្ជើញមកដល់កម្ពុជា ដើម្បីមកបំពេញទស្សនកិច្ច ចាប់ពីថ្ងៃទី១៤-១៦ កុម្ភៈ
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភាកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) បានអញ្ជើញមកដល់កម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។ លោក ប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត របស់លោក ប្រធានាធិបតីអាល្លឺម៉ង់មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕