សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីពិធីជប់លៀង អបអរសាទរជោគជ័យ SEA Games-ASEAN Para Games ឆ្នាំ២០២៣។
ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីជាច្រើនរូប។
ឆ្នាំ២០២៣ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលប្រមាណជា ៦៤ឆ្នាំ ហើយការប្រកួតទាំងពីរនេះ ត្រូវបានបើកការប្រកួតតាមការគ្រោងទុក នៅដើមខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាទាំងពីរនេះ មានប្រតិភូកីឡាចូលរួមសរុបរហូតដល់ទៅជិត ៤ពាន់នាក់។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៩ មេដាយប្រាក់ ចំនួន ១៨ និងមេដាយសំរឹទ្ធ ចំនួន ៤៤៕