ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១២ កុម្ភៈ បានចេញក្ដីប្រកាសព័ត៌មានស្ដីពី រកឃើញជំងឺអតុស្វា ១ករណីទៀត លើបុរសម្នាក់ មានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអ៊ឹមផក (Mpox) ឈ្មោះដើមជំងឺអតុស្វា ចំនួន ១ករណីបន្ថែមទៀត លើបុរសម្នាក់ ដែលមានទីលំនៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ដូច្នេះជំងឺអ៊ឹមផក ដែលបានរកឃើញសរុបមាន ចំនួន ១០ករណី។

ក្រសួងសុខាភិបាល សង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអ៊ីមផកនៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។


យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអ៊ឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអ៊ឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែង យល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់។

សូមរំលឹកថា របៀបចម្លង៖ វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអ៊ឹមផក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ