រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋការពារការចម្លងវិរុសកូវីដ-១៩ និងប្រុងប្រយ័ត្នចំពោះសុខភាព អំឡុងពេលអាកាសធាតុចុះត្រជាក់
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋការពារការចម្លងវិរុសកូវីដ-១៩ និងប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីធ្វើយ៉ាងការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អផងដែរ។
ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី បែបនេះបន្ទាប់ពីកម្ពុជា បានឈានចូលជាបណ្ដើរៗ ដល់ពេលវេលាដែលអាកាសធាតុ ត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺ ដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព និងការបង្ការសុខភាពសំខាន់ៗ ដូចជា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រីបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀនដោយពពួកវីរុស ជាដើម»។
លើសពីនេះ ក្រសួងសុខាភិបាន ក៏លើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីដែល មានរោគសញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្ក ឱ្យមានការចម្លងទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯងនៅផ្ទះក្នុង ករណីស្រាល តែបើមានរោគសញ្ញាវិវត្តន៍ទៅធ្ងន់ធ្ងរត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ