កម្ពុជា-ថៃ បន្តកិច្ចសហការជិតស្និទ្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សឆ្លងដែន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Chardkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវអំពើជួញដូរមនុស្សឆ្លងដែន។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Chardkiat ATTHAKOR បានកោតសរសើរចំពោះក្រសួងមហាផ្ទៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដូចជា ការរត់ពន្ធមនុស្សឆ្លងដែន ដែលក្នុងរយៈពេលកន្លងទៅនេះ បានទទួលនូវលទ្ធផលគួរឱ្យកត់សម្គាល់។
លោក បន្ដថា បញ្ហានេះ គឺជាបញ្ហាសម្រាប់តំបន់ដែលត្រូវសហការគ្នាដោះស្រាយ មិនមែនតែជាបញ្ហារបស់ប្រទេសណាមួយនោះទេ គឺភាគីពាក់ព័ន្ធទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជា ពិសេសរវាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ។
នាឱកាសនោះ សម្ដេច ស ខេង និងលោកអគ្គរាជទូត បានផ្លាស់ប្ដូរយោបល់គ្នា ទៅវិញ ទៅមក លើបញ្ហាមួយចំនួន ក្នុងស្មារតីធ្វើយ៉ាងណាសម្រួលដល់ការចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា នៅតាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។
លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅលើការជួយគាំទ្រដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ និងបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវអំពើជួញដូរមនុស្សឆ្លងដែន ផងដែរ៕EB