រដ្ឋសភាអាមេរិកបោះឆ្នោត បើកការស៊ើបអង្កេតដោយសំឡេង ២២១ទល់នឹង២១២ ដើម្បីប្តឹងលោក ចូ បៃដិន ពាក់ព័ន្ធអំពើពុករលួយ
អាមេរិក៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតបើកដំណើរការស៊ើបអង្កេត ដើម្បីប្តឹងចោទប្រកាន់លោក ចូ បៃដិន ពាក់ព័ន្ធអំពើពុករលួយនិងការប្រើប្រាស់អំណាចប្រធានាធិបតី។ សេចក្តីសម្រេចកាលពីថ្ងៃពុធទី១៣ខែធ្នូមួយនេះ ត្រូវបានអនុម័តដោយសំឡេង ២២១ ទល់នឹង២១២។
រាល់អ្នកសាធារណរដ្ឋសុទ្ធ តែបានបោះឆ្នោតគាំទ្រការស៊ើបអង្កេត ខណៈអ្នកប្រជាធិបតេយ្យទាំងអស់បានបោះឆ្នោតប្រឆាំង ប៉ុន្តែមានអ្នកប្រជាធិបតេយ្យម្នាក់ អវត្តមាន។ មិនបង្អស់យូរ លោក បៃដិន ក៏ចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការស៊ើបអង្កេតនេះ ដោយនិយាយថា សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ កំពុងខ្ជះខ្ជាយពេលវេលាលើភាពមិនច្បាស់លាស់ខាងនយោបាយ ទាំងដែលគ្មានការពិត។
អ្នកសាធារណរដ្ឋ បានចាប់ផ្តើមស៊ើបអង្កេតការប្រព្រឹត្តខុសដោយលោក បៃដិន តាំងតែពីគណបក្សបានឡើងគ្រប់គ្រងរដ្ឋសភាសាជាថ្មី បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២០មកម្ល៉េះ ដោយមានគណៈកម្មាធិការត្រួតពិនិត្យសភា និងគណៈកម្មាធិការតុលាការសភា ជាអ្នកដឹកនាំការស៊ើបអង្កេត៕