ភ្នំពេញ ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានថ្លែងថា មុខវិជ្ជាជាគ្រូពេទ្យនេះ គឺទាមទារត្រូវតែមានភាពអំណត់ តស៊ូព្យាយាម និងលះបង់ គ្រប់ស្ថានលំបាកទាំងអស់ ជាការងារដែលត្រូវមានទាំងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ណាស់មិនអាច់ថ្លៃបាន ព្រោះវាការងារដែលត្រូវដណ្ដើមជីវិតអ្នកជំងឺពីមជ្ចុរាជ។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

លោកសាស្ដ្រាចារ្យ បានថ្លែងទៀតថា «ដូច្នេះមុនចូលរៀនវិជ្ជាពេទ្យ យើងម្នាក់ៗបានដឹងរួចហើយថា ត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូ ជាមួយគ្រប់ការលំបាក ខិតខំឆ្លើយតបជាដំណោះស្រាយសង្គ្រោះអាយុជីវិតអ្នកជំងឺ រាល់គ្រប់វិនាទី មិនថាយប់ថ្ងៃ មិនថាថ្ងៃសម្រាក ឫវេលាណាទេ»។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលឹកអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រឹតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ