យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់ និង៥នាក់រងរបួស ក្នុងករណីបាក់រលំ ការដ្ឋានសាងសង់ស្ពាននៅផ្លូវហាយវេក្នុងទីក្រុង Cheonan នៅប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ បន្ទាប់ពីការបាក់ស្រុតរលំការដ្ឋានសាងសង់ស្ពាននៅផ្លូវហាយវេក្នុងទីក្រុង Cheonan នៅប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅនៅពេលដែលសំណង់ដែកប្រវែង ៥០ម៉ែត្រ ដែលកំពុងទ្រស្ពានផ្លូវហាយវេ បានស្រុតដួលរលំម្ដងមួយៗ។ សារព័ត៌មានដដែលបានរាយការណ៍ថា មានមនុស្ស ៣នាក់បានស្លាប់ ប៉ុន្តែទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិកូរ៉េខាងត្បូងបានអះអាងថា មានមនុស្ស២នាក់ស្លាប់ ហើយ ៥នាក់បានរងរបួស ក្នុងនោះមាន ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជាមួយគ្នានេះ អាជ្ញាធរក៏កំពុងតាមរកមនុស្ស៣នាក់ផ្សេងទៀតដែលគេគិតថា កប់ក្រោមគំនរបាក់បែកនៅកន្លែងនោះ។
ជុំវិញឧបទ្ទវហេតុនេះ ទូរទស្សន៍ YTN បានចាក់ផ្សាយវីដេអូដ៏គួរឱ្យស្រៀវឆ្អឹងខ្នងដោយបង្ហាញស្ពានដ៏ខ្ពស់សន្លឹមមួយបានបាក់នៅក្នុងទីក្រុង Cheonan ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។ ជាចុងក្រោយ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) បានអំពាវនាវឱ្យប្រមូលផ្តុំបុគ្គលិក និងឧបករណ៍សង្គ្រោះដែលមានទាំងអស់ ដើម្បីជួយស្វែងរកអ្នកបាត់ខ្លួន និងធានានូវវិធានការសុវត្ថិភាពដើម្បីការពារការខូចខាតបន្ថែមទៀត៕