សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ បច្ចេកវិទ្យាខ្លះ អាចផលិតក្នុងស្រុកបាន ជាពិសេសផ្នែកបច្ចេកវិទ្យាឌីជីថល
តាកែវ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ផ្នែកបច្ចេកវិទ្យាខ្លះ អាចផលិតក្នុងស្រុកបាន ជាពិសេសផ្នែក IT ឬផ្នែកបច្ចេកវិទ្យាឌីជីថល ខណៈពេលមុន កម្មវិធីគ្រប់គ្រងមួយចំនួន ទិញពីបរទេស។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញ គឺសរសេរដោយសមត្ថភាពរបស់កូនខ្មែរ។ សម្ដេច ថា ក្រោយការបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រហូតដល់ពេលជួបជំងឺកូវីដ១៩ កម្ពុជា គឺជាប្រទេសមានការអភិវឌ្ឍ និងស្ថានភាពសេដ្ឋកិច្ចល្អ ដោយរក្សាកំណើនប្រមាណ ៧ភាគរយ។
សម្ដេចធិបតី បន្ដថា កាលពីបើកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដំបូង ក្រុមហ៊ុន ត្រូវការអ្នកបច្ចេកទេសមកពីក្រៅប្រទេសជាច្រើន ហើយបច្ចុប្បន្នក្រុមហ៊ុន នៅសល់អ្នកបច្ចេកទេសបរទេស ចំនួន ២រូបប៉ុណ្ណោះ។ ក្រៅពីនឹងសុទ្ធតែកូនខ្មែរទាំងអស់ ទាំងនេះគឺជាមិត្តរូប នៃការរីកចម្រើនរបស់កម្ពុជា។
សម្ដេចធិបតី បន្ថែមថា កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វីដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា បានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹកដៃរបស់កូនខ្មែរថែមទៀត។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «សមត្ថភាពរបស់កម្ពុជា មិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វីដែលធំ កាន់តែធំនោះទេ កាន់តែល្អប្រសើរនោះទេ ប៉ុន្ដែថែមទាំងកសាងដោយទឹកដៃកូនខ្មែរទៀតផង នេះគឺជាអ្វីដែលគោលការណ៍របស់យើង។ ចឹងរាល់ការវិនិយោគ ទាក់ទាញការវិនិយោគ ការបណ្ដុះបណ្ដាលផ្សេងៗ ត្រូវផ្សារភ្ជាប់គ្នា ការផ្ទេរជំនាញនេះឯង កូនខ្មែរត្រូវបណ្ដុះបណ្ដាល។ បច្ចេកវិទ្យាយើងអាចផលិតនៅស្រុកគេ ហើយបច្ចេកវិទ្យាខ្លះ យើងអាចផលិតក្នុងស្រុករួចទៅហើយ ជាពិសេសផ្នែក IT ជាពិសេសផ្នែកបច្ចេកវិទ្យាឌីជីថល ឥឡូវយើងមិនចាំបាច់ទិញកម្មវិធីជាច្រើន។ កម្មវិធីពេលមុន យើងទិញ សម្បីគ្រប់គ្រង់ទិន្នន័យនៅក្នុងផ្សារ កន្លែងខ្លះយើងទិញ ឥឡូវយើងផលិតខ្លួនឯង»៕EB