អង់គ្លេស ៖ ចក្រភពអង់គ្លេសបានព្រមានថា ស្ថានភាពសន្តិសុខក្នុងតំបន់សមុទ្រក្រហមកាន់តែយ៉ាប់យ៉ឺនទៅៗ ដោយសារតែការវាយប្រហារ ដោយមីស៉ីលបាលិស្ទីគ និងយន្តហោះដ្រូនកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំង ខណៈបានយល់ព្រមឲ្យនាវាពិឃាតមួយគ្រឿងឱ្យទៅ ចូលរួមក្នុងប្រតិបត្តិការមួយរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារការធ្វើពាណិជ្ជកម្មក្នុងតំបន់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

នាវាពិឃាត HMS Diamond កំពុងចូលរួមក្នុងប្រតិបត្តិការរបស់ក្រុមនាវាពិឃាតនៃក្រុមចម្រុះ ក្នុងនោះមាននាវាពិឃាត ៣គ្រឿង របស់សហរដ្ឋអាមេរិក និងនាវាពិឃាតមួយគ្រឿងរបស់បារាំង ដើម្បីការពារកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ក្រុមនាវាពិឃាតនេះ កំពុងឈរជើងនៅភាគខាងត្បូង នៃសមុទ្រក្រហម ដោយផ្តោតលើការការពារសេរីភាពនៃការធ្វើនាវាចរ ពាណិជ្ជកម្មអន្តរជាតិ និងអាយុជីវិតមនុស្ស តាមរយៈការប្រឆាំងនឹងតួអង្គខុសច្បាប់ដែលស្ថិត នៅក្រោមច្បាប់នៃដែនទឹកអន្តរជាតិ។

គួរបញ្ជាក់ថា  ក្រោយការប្រកាសនោះ ក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៉ីរ៉ង់និយាយថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពទាំងនោះ ឡើយ។ក្រុមចម្រុះទាំង១០ប្រទេសខាងលើ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៉ីតាលី ហូឡង់ ន័រវែស សីស្ហែល (Seychelles) និងអេស្ប៉ាញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ