ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ។ 

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមកកាន់តែប្រសើរឡើងថែមទៀត។ 

លោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន បានបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងក្រសួងទាំងពីរនឹងបន្តរីកលូតលាស់ជាលំដាប់ និងបង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការ សហប្រតិបត្តិការនានា ដែលស្ថាប័នទាំងពីរបានផ្តួចផ្តើមក្នុងពេលកន្លងមក ។ 

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយឈរលើស្មារតីមិត្តភាព ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការដឹកនាំប្រកបដោយភាពត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ