អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាមិនឲ្យប៉ូលីសចរាចរណ៍ ស្លៀកស៊ីវិល កាន់វិទ្យុ ស្ទាក់ចាប់យានយន្តល្មើសច្បាប់ទេ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការហាម ដល់មន្ត្រីប៉ូលីសចរាចរណ៍ មិនត្រូវស្លៀកពាក់ស៊ីវិល ហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ។ ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះ លោក លោក ឃួង ស្រេង បានលើកឡើងថស សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោក ទៅតាមអនុសាសន៍ណែនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ត្រូវធ្វើឲ្យបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយឧត្ដមភាព។
ដោយក្នុងនោះ ប្រធានគណៈបញ្ជាការឯកភាព បានបញ្ជាក់ថា "ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍ មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ជៀសវាងឲ្យបាន ពីការរិះគន់ នៃការអនុវត្តច្បាប់ចរារណ៍នេះ"។
លោកបានបន្តថា កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារ លើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។
ជាមួយគ្នានេះ លោកក៏បាន ណែនាំ ឲ្យពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើង នៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាម ជាមួយអាជ្ញាធរនិងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយនិងការដាក់កម្លាំង នៅទីតាំងណាដែលមានហានិភ័យ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់ នៅក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិឬទេ សំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ៕EB