ភ្នំពេញ ៖ ក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលធ្វើការបង្ក្រាបរយៈពេល០៤ថ្ងៃ និងបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ។

កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅតែបន្តប្រតិបត្តិការក្តៅរគគុករបស់ខ្លួនក្នុងការចុះពង្រាយកម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យនៅក្នុងសង្គមជាតិ ។


លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និងជាការឆ្លើយតបបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ខែឆ្នាំដដែល សមត្ថកិច្ចបានបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និងបានឃាត់ក្មេងទំនើងជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ពីក្រុមក្មេងទំនើងខាងលើ ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើនគ្រឿងផងដែរ ។

អ្នកនាំពាក្យដដែល បន្តថា ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សាដោយការកាប់ចាក់គ្នាទៅវិញទៅមក និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយធ្វើដំណើរដោយខុសច្បាប់គ្មានការអនុញ្ញាត្តិ ។


ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញក្តីពេញចិត្ត និងសាទរបំផុតចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើង ដែលសកម្មភាពនេះតែងបង្កជាក្តីព្រួយបារម្ភ និងភ័យខ្លាច ក្នុងចិត្តរបស់ប្រជាពលរដ្ឋ ពិសេសគឺបង្កភាពអសន្តិសុខ ប៉ះពាល់ដល់សង្គម ។ ពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានចេញបទបញ្ជាម៉ឺងម៉ាត់ ដល់កម្លាំងនគរបាល ឱ្យមានការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់លើបញ្ហាក្មេងទំនើងនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ