ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់លើករណី «សិស្សស្រីមួយក្រុម ព្រួតគ្នាវាយសិស្សស្រី ២នាក់» នៅសាលាបាក់ទូក
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាទៅអធិការនគរបាលខណ្ឌ ៧មករា ចុះស្រាវជ្រាវបន្ទាន់ពីករណី «សិស្សវិទ្យាល័យបាក់ទូកមួយក្រុម ព្រួតវាយសិស្សស្រី ២នាក់ម្នាក់ រហូតលែងហ៊ានទៅរៀនជាងមួយខែ»។ នេះបើយោងតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់សារព័ត៌មានក្នុងស្រុកមួយ។
តាមរយៈគេហទំព័រហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេររៀបរាប់ នាថ្ងៃទី១៣ កញ្ញា ថា «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹង បានវៃព្រួតប្អូនខ្ញុំ ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ)»។
ប្រភពដដែល បន្ដថា «រឿង ១ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត ១ខែ រហូតដល់គ្រូCallមកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថា ក្រុមក្មេងទំនើងនឹងសាហាវពិនណា»៕