គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ ២០២៥) មាន ៦ជំពូក និង១៥មាត្រា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។
នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល (ប្រហែល ៩៣០០លានដុល្លារ) ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល៕