ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជា មានគោលការណ៍ពិសេសអនុញ្ញាតឲ្យ ក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតឲ្យ នាំចេញទៅក្រៅប្រទេសផងដែរ។

នាឱកាសអនុញ្ញាឲ្យលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៨ ឧសភា សម្ដេចតេជោ លើកឡើងថា «ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេស ដែលមានសន្តិសុខថាមពល ហើយកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេស អនុញ្ញាតឲ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស»។


ជាមួយគ្នានោះដែរ សម្ដេចតេជោ បានរំឭកថា កាតា គួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជា និងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

សម្ដេចតេជោ ក៏បានជំរុញឲ្យពិនិត្យមើល លទ្ធភាពរវាងប្រទេសទាំងពីរ ដូចជា ៖ ទី១)ធ្វើយ៉ាងណាឲ្យវិនិយោគិនមានទំនុកចិត្ត គឺត្រូវឲ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ និងទី២) ឲ្យមានកិច្ចព្រមព្រៀងមិនមានពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើជានេះទៅទៀតបើអាចធ្វើបាន គឺបង្កើតកិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចសេរី(Free Trade Zone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត។


ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្តេច បានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ លោកបានរំឭកថាមូលហេតុដែលភ្នំពេញ នេះដើម្បីគាស់នូវអ្វីៗដែលជាផលប្រយោជន៍ ប្រទេសទាំងពីរឲ្យមានដំណើរការឡើងវិញ។

 

លោកសន្យាថា នឹងខិតខំប្រមែប្រមូលអ្នកវិនិយោគិន ពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាច សហប្រតិបត្តិការវិនិយោគ។ ឯកអគ្គរដ្ឋទូតកំពុងតែស្វែងយល់ពី កត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតាមានលទ្ធភាពនៃ ការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះ ដែលទេសចរកាតាទៅតំបន់ផ្សេងៗ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ