ម៉ាឡេស៊ី៖ បើយោងតាម GlobalPetrolPrices ដែលតាមដានតម្លៃលក់រាយប្រេងឥន្ធនៈ និងអគ្គិសនីនៅជុំវិញពិភពលោកបានឱ្យដឹងថាប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានតម្លៃសាំងថោកជាងគេបង្អស់ ហើយ ប្រទេសសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានតម្លៃសាំងថ្លៃជាងគេបង្អស់។

ប្រេងសាំង សិង្ហបុរីមានតម្លៃសាំងខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍គឺ ២,១១ ដុល្លារក្នុងមួយលីត្រ ស្មើនឹង ៨៥៨០រៀលលុយខ្មែរ តាមពីក្រោយដោយប្រទេសថៃ ១,៣៥ ដុល្លារ និងប្រទេសឡាវ ១,៣១ ដុល្លារ។ចំណែកប្រេងសាំងម៉ាឡេស៊ីប្រភេទ Octane-95 ឬ RON 95 ថោកបំផុតនៅអាស៊ីអាគ្នេយ៍ មានតម្លៃ 0.49 ដុល្លារក្នុងមួយលីត្រ ស្មើនឹងប្រមាណ២ពាន់រៀល លុយខ្មែរប៉ុណ្ណោះ។  

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលមានលក្ខណៈពិសេសទាំងអស់នៅក្នុងចំណាត់ថ្នាក់ កែសម្រួលតម្លៃសាំងរបស់ពួកគេលើមូលដ្ឋានប្រចាំសប្តាហ៍ ហើយបញ្ជីចុងក្រោយបំផុត ត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ៧ ខែតុលា។ ឥណ្ឌូណេស៊ីជាប្រទេសមានតម្លៃសាំងទាបបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ ដោយមួយលីត្រមានតម្លៃ ០,៧៨ ដុល្លារ ស្មើនឹង៣១៧២ រៀលលុយខ្មែរ។ 

តម្លៃនៅក្នុងប្រទេសទាំងនេះមានតម្លៃខ្ពស់ជាងតម្លៃមធ្យមសកលគឺ ១,២៧ ដុល្លារក្នុងមួយលីត្រ។ ចំណែកឯតម្លៃប្រេងសាំងនៅក្នុងប្រទេសអ៊ីរ៉ង់គឺទាបបំផុតនៅទូទាំងពិភពលោកគឺ 0.029 ដុល្លារអាមេរិក (2.9 សេន) ក្នុងមួយលីត្រ បន្ទាប់មកគឺលីប៊ី និងវ៉េណេស៊ុយអេឡា។ អ៊ីរ៉ង់ មានតម្លៃប្រេងថោកបំផុត ក្នុងពិភពលោកមួយផ្នែកដោយសារការឧបត្ថម្ភធនច្រើននេះបើយោងតាម Reuters។ 

បើយោងតាម GlobalPetrolPrices ប្រទេសភាគច្រើនទទួលបាន ប្រេងឆៅ និងផលិតផលចម្រាញ់ក្នុងតម្លៃប្រហែលដូចគ្នាពីទីផ្សារអន្តរជាតិ។ គម្លាតតម្លៃរវាងប្រទេសនានា កើតឡើងពីការចំណាយលើការចែកចាយ ពន្ធ និងការឧបត្ថម្ភធន។ វៀតណាមមានសាំងថោកបំផុតទីបីនៅអាស៊ីអាគ្នេយ៍ដែលមានតម្លៃ 0.82 ដុល្លារក្នុងមួយលីត្រ ស្មើនឹង៣៣៣៤រៀលខ្មែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ