ក្រសួងទូរគមនាគមន៍ បង្ក្រាបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី អំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបង្ក្រាបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) អំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមសេចក្ដីជូនដំណឹង, ដោយមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍ កម្ពុជា (ន.ទ.ក.) បានស្រាវជ្រាវ និងរកឃើញថា សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវា ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។
ឧបករណ៍ Fake BTS នេះ ស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត ហើយបន្ទាប់មក គឺផ្ដាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោត ឲ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្ដាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។
ដោយកំណត់បាននូវមុខសញ្ញានេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ន.ទ.ក. សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន ហ្ស៊ីចែ រេនជា ខា វ៉សស៊ីង សឺវីស ឯ.ក មានអាសយដ្ឋានស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានចាប់យកវត្ថុតាង រួមមាន រថយន្តបំពាក់ឧបករណ៍ Fake BTS ៥ គ្រឿង ឧបករណ៍ Fake BTS ១៩ គ្រឿង ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ៣ គ្រឿង និងគ្រឿងបង្គុំផ្សេងៗទៀត ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕