ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្ដីពី វិធានការរារាំង ការវាយប្រហារតាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូនលេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ។

តាមរយៈសេចក្ដីជូនដំណឹងដដែលនោះក្រសួងប្រៃសណីយ៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp កំពុងកើតឡើងគួរឲ្យកត់សម្គាល់។

ចោរបច្ចេកវិទ្យា (hackers) បានធ្វើការវាយប្រហារដោយក្លែងបន្លំធ្វើជាផ្ញើសារតាម WhatsApp ទៅកាន់អ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលអាចមានខ្លឹមសារថា «Sorry! I sent 6-digit code by SMS by mistake. Can you transfer it to me? It is urgent»។

ខ្លឹមសារនៃសារនេះ ក៏អាចត្រូវបានផ្ញើពីមិត្តភក្តិ ឬអ្នកដែលយើងស្គាល់ផងដែរ ក្នុងករណីដែល WhatsApp របស់បុគ្គលនោះ ត្រូវបានគេលួចរួចហើយ។

ក្រោយអ្នកប្រើប្រាស់បញ្ជូនលេខកូដ ៦-ខ្ទង់ដែលបានពីក្រុមហ៊ុន WhatsApp នោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាព Log ចូលគណនី WhatsApp របស់អ្នកប្រើប្រាស់ ដោយប្រើលេខកូដ ៦-ខ្ទង់នោះ និងលេខទូរសព្ទរបស់អ្នកប្រើប្រាស់ បានដោយជោគជ័យ។

ដូចនេះ ដើម្បីជៀសវាងការធ្លាក់ ទៅក្នុងអន្ទាក់បោកប្រាស់របស់ចោរបច្ចេកវិទ្យា អ្នកប្រើប្រាស់ WhatsApp ទាំងអស់គួរតែត្រួតពិនិ្យទៅលើខ្លឹមសារ និងគណនីរបស់បុគ្គល ដែលបានផ្ញើសារមកឲ្យបានច្បាស់លាស់ និងមិនគួរធ្វើតាមការទាមទារនោះទេ។ ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរតែទូរសព្ទ ទៅសាកសួរម្ចាស់គណនីដោយផ្ទាល់តែម្តង។

ក្រោយពេលបានដឹងថា ម្ចាស់គណនីមិនមែន ជាម្ចាស់គណនីពិតប្រាកដ អ្នកប្រើប្រាស់អាចបិទ (Block) ការទទួលសារពីគណនីនោះ តាមរយៈការជ្រើសរើស យកពាក្យជាភាសាអង់គ្លេស ដែលមានពាក្យថា «Block»។

សូមបញ្ជាក់ថា អ្នកប្រើប្រាស់ទាំងអស់ មិនត្រូវផ្ញើលេខកូដ ៦-ខ្ទង់ ទៅឲ្យអ្នកដទៃនោះទេ បើទោះជាមនុស្សដែលស្គាល់គ្នា ឬធ្លាប់ផ្ញើសារ (chat) ជាមួយគ្នារាល់ថ្ងៃ ក៏ដោយ ជាពិសេស លេខកូដ ៦-ខ្ទង់នៃកម្មវិធីបណ្តាញសង្គម ដូចជា WhatsApp, Telegram, Messenger, Viber, Line, ឬកម្មវិធីប្រើប្រាស់សេវាធនាគារ តាមទូរសព្ទជាដើម។

ក្នុងករណីបាត់បង់គណនី WhatsApp ដោយសារបញ្ហាខាងលើ អ្នកប្រើប្រាស់អាចព្យាយាម log ចូលគណនី WhatsApp របស់ខ្លួនសារជាថ្មីម្តងទៀត ដើម្បីទទួលបានការកាន់កាប់មកវិញ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះអ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ