ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ស្ដីបន្ទោសប្រធានការិយាល័យទទួលបន្ទុកផ្នែកចរាចរណ៍រាជធានីភ្នំពេញ ម៉ោង១០ព្រឹកហើយ ទើបដឹងរឿងករណីចរាចរណ៍ នៅខណ្ឌដូនពេញ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្ដីបន្ទោសប្រធានការិយាល័យទទួលបន្ទុកផ្នែកចរាចរណ៍រាជធានីភ្នំពេញ នៅម៉ោង ១០ព្រឹកហើយ ទើបដឹងរឿងករណីចរាចរណ៍ នៅខណ្ឌដូនពេញ។
ឯកឧត្តមស្តីបន្ទោសបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើងនៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខាបានមានប្រសាសន៍ណែនាំ ដល់មន្ត្រីនិងអង្គភាពាក់ព័ន្ធ ដែលទទួលការងារក្នុងការផ្តល់សេវា និងភាពកក់ក្តៅមួយដល់ប្រជាពលរដ្ឋ ត្រូវតែក្តាប់ឱ្យបាននូវការងារទាំងអស់នេះ ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ករណីបុករត់មិនមែនជារឿងសាមញ្ញ ប្រសិនបុកពេលយប់ ហើយរត់ ជារឿងមួយតែបើបុករត់ ក្នុងទីប្រជុំជន ដែលមានកងកម្លាំង ហើយមានមនុស្សរត់រួចមិនមែនជារឿងធម្មតានោះទេ។
សូមរំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងសរុប ចំនួន ១ ៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់ ៥៤% បណ្តាលឱ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួសស្រាល ២០៧២នាក់ ក្នុងនោះរបួសធ្ងន់ធ្ងរ ១៣៣២នាក់៕