ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរ ក្នុងឱកាសនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣។

ក្នុងលិខិតរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត  ស សុខា មានខ្លឹមសារទាំងស្រុងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូមចូលរួមសម្តែងអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ក្នុងទិវាជាប្រវត្តិសាស្ត្រនៃការដាក់បញ្ចូល «រមណីដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក លើកទី៤៥ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងវីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត»។

ក្នុងឱកាសមហាដ៏នក្ខត្តឫក្សនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបន្ដទៀតថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសនូវសមិទ្ធផលនៃការចុះបញ្ជី បេតិកភណ្ឌនេះ ថ្វាយព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ការពារ និងថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ជាតិ បន្សល់ទុកជាតឹកតាង ប្រវត្តិសាស្ត្រនៃអារ្យធម៌ដ៏យូរលង់ និងរុងរឿងនៃជាតិសាសន៍ខ្មែរ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទន៍កិច្ចប្រកបដោយកតញ្ញុតាធម៌ ចំពោះព្រះរាជគុណូបការៈ និងសូមថ្លែងនូវអំណរព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ខ្ពស់ ក្នុងព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋនៃឯកភាព និងនិរន្តរភាពជាតិ ញ៉ាំងឱ្យព្រះរាជាណាចក្រកម្ពុជាបន្តរក្សាបានស្ថិតស្ថេរ គង់វង្សនូវសម្បត្តិវប្បធម៌ ជាដួងព្រលឹងជាតិ រហូតមកដល់បច្ចុប្បន្ន»។

ឯកឧត្តមអភិសន្ដិបណ្ឌិត  ស សុខា ក៏សូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមគ្គទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ នូវគោលនយោបាយដឹកនាំដ៏សក្តិសិទ្ធិ ក្នុងការថែរក្សាការពារ និងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិលើ ឆាកអន្តរជាតិ។ ទន្ទឹមនេះ ក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លានៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ លោកសូមថ្លែងនូវការគោរពកោតសរសើរដោយ ស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបាន ខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតីជំនះរាល់ឧបសគ្គ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក រហូតនាំមកនូវ ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយមោទនភាពជូនប្រទេសជាតិ និងប្រជាជន។

ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានជឿជាក់ថា សមិទ្ធផលគួរឱ្យស្ញប់ស្ញែងនេះ នឹងរួមចំណែកកាន់តែខ្លាំងក្លា ថែមទៀតដល់ការលើកកម្ពស់កិត្យានុភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់សកលលោក ជាពិសេស ដើរតួនាទីជាកម្លាំងចលករដ៏មានសក្តានុពល បម្រើដល់ឧត្តមប្រយោជន៍ជាតិ និងជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីវភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ