ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែពុះកញ្ជ្រោល ដោយកូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមប្រមាណ៣៥០គ្រាប់ចូលទឹកដីនៃប្រទេសកូរ៉េខាងត្បូងជាថ្មី
កូរ៉េខាងជើង៖ បាឡុងសណ្តោងសំរាមរបស់កូរ៉េខាងជើងប្រមាណ៣៥០គ្រាប់ ត្រូវបានប្រទះឃើញជាថ្មីនៅ ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤មិថុនា ឆ្នាំ២០២៤នេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤។
ចំណាត់ការរបស់រដ្ឋធានីព្យុងយ៉ាង កើតឡើងបន្ទាប់ពីនាវាផ្ទុកយន្តហោះសហរដ្ឋអាម៉េរិក Theodore Roosevelt ដើរដោយថាមពលនុយក្លេអ៊ែរ បានទៅដល់កំពង់ផែប៊ូសាន របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមសមយុទ្ធយោធារួមគ្នាជាមួយប្រទេសជប៉ុន និងប្រទេសម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែពុះកញ្ជ្រោលក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយកូរ៉េខាងជើង កាលពីសប្តាហ៍មុន ខណៈលោក គីម បានប្តេជ្ញាថា នឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន និងគំរាមប្រើប្រាស់វាប្រឆាំងនឹងកូរ៉េខាងត្បូង។ លើសពីនោះ នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាម៉េរិក បានចូលចតនៅកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍ សម្រាប់សមយុទ្ធត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន៕