ហេតុការណ៍វាយប្រហារដោយគ្រាប់បែកនៅឯព្រះវិហារគ្រិស្តក្នុងប្រទេសកុងហ្គោ បណ្តាលឱ្យមនុស្ស ១០នាក់បានស្លាប់បាត់បង់ជីវិត និងច្រើននាក់រងរបួស
ប្រទេសកុងហ្គោ ៖ មន្ត្រីយោធាប្រទេសកុងហ្គោបានអះអាងថា យ៉ាងហោចណាស់មនុស្សចំនួន ១០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកមួយនៅឯព្រះវិហារគ្រិស្តសាសនាមួយកន្លែងក្នុងទីក្រុង Kasindi ស្ថិតនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
អ្នកនាំពាក្យយោធាលោក Anthony Mualushay កាលពីថ្ងៃអាទិត្យម្សិលមិញ បានបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកមួយបានសម្លាប់មនុស្សចំនួន ១០នាក់ និង៣៩នាក់ផ្សេងទៀតរងរបួស ។ លោកបានបន្ដទៀតថា នេះគ្រាន់តែជាតួលេខបឋមតែប៉ុណ្ណាះ ដោយចំនួនអ្នកស្លាប់សរុបអាចនឹងកើនឡើងបន្ថែមទៀត ។
អាជ្ញាធរបានដាក់ការសង្ស័យដំបូងទៅលើក្រុមជនប្រដាប់អាវុធជ្រុលនិយមនៃ “កងកម្លាំងសម្ព័ន្ធប្រជាធិបតេយ្យ របស់ប្រទេសអ៊ូហ្គង់ដា ដែលបានចូលមកតាំងមូលដ្ឋានស្ថិតនៅក្បែរព្រំដែនប្រទេសកុងហ្គោ និងជាក្រុមដែលធ្លាប់ប្រកាសភក្តីភាពជាមួយនឹងក្រុមប្រដាប់អាវុធរដ្ឋឥស្លាម ISIS ។ ក្រោយមក បណ្ដាញក្រុមប្រដាប់អាវុធរដ្ឋឥស្លាម ISIS ចេញមុខអះអាងទទួលខុសត្រូវ ៕