បាងកក៖ គ្រាប់បែកពីរគ្រាប់បានផ្ទុះនៅជិតស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ទី១ ដែលឆ្លងកាត់ព្រំដែនពីស្រុក មេសត (Mae Sot) ខេត្ត Tak កាលពីយប់ថ្ងៃសៅរ៍។ គ្រាប់បែកទី១ បានបំផ្ទុះនៅច្រកព្រំដែន មេវ៉ាឌី-មេសត (Myawaddy-Mae Sot) វេលាម៉ោង ៧ និង២០នាទីយប់ បណ្តាលឲ្យខូចខាតរថយន្ត០១គ្រឿង។ គ្រាប់បែកទី២បានផ្ទុះភ្លាមៗនៅផ្សារមួយ ចម្ងាយប្រហែល១គីឡូម៉ែត្រពីប៉ុស្តិ៍ត្រួតពិនិត្យ មីយ៉ាវ-មេសឹត ។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន The Nation នៅថ្ងៃទី១៦ តុលា ២០២២។
មន្ត្រីសន្តិសុខក្នុងស្រុក Mae Sot បាននិយាយថា ឧបករណ៍បំផ្ទុះដែលផលិតឡើងដោយចេតនាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ។ ប៉ុន្តែមិនមានរបាយការណ៍ពីអ្នកស្លាប់និងរបួសទេ។ មន្ត្រីថៃបាននិយាយថា គ្រាប់បែកទំនងជាត្រូវបានគេដាក់ដោយក្រុមប្រឆាំង នឹងរបបយោធាមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន។
គួរកត់សម្គាល់ថា នេះជាការបំផ្ទុះគ្រាប់បែកលើកទី២ នៅព្រំដែនមេវ៉ាឌី-មេសុត មកទល់ពេលនេះ ក្នុងឆ្នាំនេះ ។ លើកទី១ ធ្លាប់បានកើតឡើងនៅថ្ងៃទី ២៣ ខែមេសា ពោលគឺនៅពេលដែលគ្រាប់បែកក្នុងរថយន្តមួយបានផ្ទុះនៅជើងស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ទីមួយ ក្បែរច្រកព្រំដែន Myawaddy-Mae Sot បានផ្ទុះបំផ្លាញអគារកម្ពស់ ៤ ជាន់ និងហាងនៅក្បែរនោះ៕