មនុស្សស្លាប់កើនជាង២០នាក់ និងរងរបួសជាង៤០នាក់ ក្រោយករណីបំផ្ទុះគ្រាប់បែកអត្តឃាត ខាងក្រៅក្រសួងការបរទេសអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ ការវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅខាងក្រៅក្រសួងការបរទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងកាប៊ុល បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
ក្រុមតាលីបង់និយាយថា ការវាយប្រហារនេះ បានកើតឡើងប្រហែលម៉ោង ១៦:០០ (ម៉ោងក្នុងស្រុក) នៅពេលអ្នកបំផ្ទុះគ្រាប់បែក ព្យាយាមចូលទៅក្នុងអគារក្រសួង ប៉ុន្តែមិនអាចចូលបាន។តំបន់នៃការបំផ្ទុះគ្រាប់បែកនេះ គឺមានស្ថានទូតរបស់ប្រទេសជាច្រើនដូចជា តួកគី និងចិនជាដើម។
សាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ដែលត្រូវបានគេស្គាល់ថា រដ្ឋឥស្លាមខេត្ត Khorasan (Isis-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅក្នុងការបង្ហោះលើ Telegram។យោងតាមរបាយការណ៍ គណៈប្រតិភូចិនគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីអាហ្វហ្គានីស្ថាននៅខាងក្នុងអគារក្រសួងការបរទេស នៅពេលការវាយប្រហារផ្ទុះឡើង៕