ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពាក់កណ្តាលខែមករា ឆ្នាំ២០២៣ អាជ្ញាធរទទួលពាក្យបណ្ដឹងអំពើជួញដូរមនុស្ស, ជួញដូរពលរកម្ម និងពលកម្មផ្លូវភេទចំនួន ៧០៧ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ១២០នាក់។

នាឱកាសអញ្ជើញផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅកម្ពុជា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា នៅក្នុងឆ្នាំ២០២២ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិដែលបណ្តាលមកពីទឹកជំនន់ ទឹកភ្លៀងពេលកន្លងមក ប៉ុន្ដែពួកឧក្រិដ្ឋជន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោក តាមប្រពន្ធ័អនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើសខុសច្បាប់ និងទាក់ទាញពលករបរទេសឱ្យចូលមកធ្វើការធ្វើការនៅកម្ពុជា ក្រោមរូបភាពផ្តល់កម្លាំងពលកម្មក្នុងតម្លៃខ្ពស់ជាដើម។


សម្ដេចក្រឡាហោម បញ្ជាក់ថា «ប្រឈមមុខនិងហេតុការណ៍នេះ កងកម្លាំងកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជួញដូរពលរកម្មមនុស្ស និងពលកម្មផ្លូវភេទ ប្រកបដោយគណនីយភាព និងបើកចំហរ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ក្រុមគ្រួសារ ក្នុងការផ្តល់ព័ត៌មានមកតាមហ្វេសបុករបស់សម្តេចផ្ទាល់ ឬតាមប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍អគ្គស្នងការនគរបាលជាតិ ឬអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមកដល់ទល់នឹងខែមករា ឆ្នាំ២០២៣នេះ អាជ្ញាធរ បានទទួលបានព័ត៌មាន និងពាក្យបណ្តឹងចំនួន ៧០៧ករណី បានឆែកឆេរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១០៣៥នាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ១២០នាក់ ព្រមទាំងមាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលប្រព្រឹត្តល្មើស ចំនួន ៥ ព្រមទាំងផ្អាកអាជីវកម្ម ចំនួន ៤ក្រុមហ៊ុន ក្នុងនោះ អាជ្ញាធរកម្ពុជា ក៏បានបិទសំណុំរឿងចំនួន ២២៩ករណី ផងដែរ»។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមានប្រសិទ្ធភាពនោះគឺ «ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងបង្កើតក្រុមការងារប្រតិបត្តិការដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស និងសង្គ្រោះជនរងគ្រោះ នៅតាមទីតាំងដែលមានការសង្ស័យយ៉ាងសកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ