ភ្នំពេញ ៖ តាមរយៈសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយគ្រោះរញ្ជួយដី ៧.៦រ៉ិចទ័រ ក្នុងប្រទេសជប៉ុននោះទេ ខណៈរាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់៣ចំណុច អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដូចតទៅ៖

១៖ សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទ (០៨០ ៤៦៨៩ ៩៣៧៤) និងទំព័រហ្វេសបុករបស់ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ។

២៖ យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១.៦០០ នាក់ ដែលរស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦)។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក) ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។ ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយ អាជ្ញាធរជប៉ុនពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។

៣៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវពលរដ្ឋខ្មែរដែលកំពុង រស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរពនិងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ