ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីស្រោចស្រពព្រះសុគន្ធវារី (ទឹកដ៏ក្រអូប) ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ទាំង១១អង្គ គឺដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេព្រះអង្គ បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តមជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា។

ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ទាំង១១អង្គ ជាព្រះថេរៈបរិបូរណ៍ទៅដោយគុណវុឌ្ឍិដ៏ប្រពៃថ្លៃថ្លា ដល់ព្រមជាមួយព្រហ្មវិហារធម៌ សង្គហធម៌ និងជាព្រះថេរៈមានឧបការច្រើន ក្នុងការអប់រំទូន្មានប្រៀនប្រដៅតាមមាគ៌ាព្រះពុទ្ធសាសនា ដល់ពុទ្ធបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចព្រះសង្ឃ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំង១១អង្គ តែងតែលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមកសាងសមិទ្ធផលផ្សេងៗដល់សង្គមជាតិ និងសាសនា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ