ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសរវាងកម្ពុជា-ឥណ្ឌូនេស៊ី ដើម្បីធ្វើការចែករំលែងបទពិសោធន៍គ្នា ទៅវិញ ទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ។

នាឱកាសអនុញ្ញាតឱ្យលោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបជម្រាបលា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដំណើរការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ហើយកន្លងមកកម្ពុជា ក៏ធ្លាប់បញ្ជូនមន្ដ្រីរបស់ខ្លួន ដើម្បីទស្សនកិច្ច និងសិក្សា ព្រមទាំអដកបទពិសោធន៍អំពីការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីឥណ្ឌូនេស៊ី ផងដែរ។


សម្ដេច មានប្រសាសន៍ថា «សូមលើកទឹកចិត្តដល់ភាគីទាំងពីរក្នុងការបន្ដពិនិត្យ និងពិភាក្សា លើការចែករំលែងបទពិសោធន៍គ្នា ទៅវិញ ទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ សំដៅធ្វើយ៉ាងណាទទួលបានបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីពង្រឹងនូវប្រសិទ្ធិភាព នៃការគ្រប់គ្រងរដ្ឋបាលដែនដី ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ»។


នាឱកាសនោះ លោកទូត ក៏បានលើកឡើងនូវវឌ្ឍន៍ភាពរបស់កម្ពុជានាពេលកន្លងមក ដោយធ្វើការវាយតម្លៃជារួមនូវវឌ្ឍន៍ភាព ជាប្រទេសដែលមានសុខសន្តិភាព ដែលនេះគឺជាកត្តាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេស ដើម្បីសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ