ភ្នំពេញ ៖ ប្រទេសជាម្ចាស់ជំនួយ និងអង្គការដៃគូអន្តរជាតិនានា បានសន្យាជួយប្រទេសកម្ពុជា និងប្រទេសមួយ ចំនួនក្នុងតំបន់អាស៊ាន ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យទទួលបានជោគជ័យ ដើម្បីឱ្យដីមានសុវត្ថិភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវការផ្សេងៗ។

ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ នៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ភាគីជាដៃគូទាំងអស់ នៅតែបង្ហាញពីការព្រួយបារម្ភអំពីបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅមានសេសសល់នៅក្នុងប្រទេសមួយចំនួន នៃតំបន់អាស៊ាន ដែលមានដូចជា ប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រ ទេសហ្វីលីពីន ជាដើម ។

ពួកគេ បានបន្តថា កាកសំណល់ពីសង្គ្រាម គឺតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់ប្រជាពលរដ្ឋ និងបង្កការរំខានដល់ការងារដាំដុះដំណាំកសិកម្ម ឬការប្រើប្រាស់តាមតម្រូវការផ្សេងៗ ឬចាត់ទុកថា ជាតំ បន់ ដែលគ្មានសុវត្ថិភាព ។ ប្រទេស និងអង្គការអន្តរជាតិជាដៃគូទាំងអស់នោះ បានបញ្ជាក់ថា ពួកគេនៅតែបន្តគាំទ្រកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ក្នុងការបោសសម្អាតមីន តាមរយៈការផ្ដល់នូវជំនួយថវិកា សម្ភារ និងបច្ចេក ទេសផ្សេងៗ ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបញ្ហាធំចម្បងមួយផងដែរ ក្នុងការបង្អាក់ការអភិវឌ្ឍប្រទេស ព្រោះតែតំបន់ខ្លះ ដីនៅពុំទាន់មានសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ