សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅក្រុមប្រឆាំងថា ដាក់គោលដៅឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ មិនមែនជាការដេកស្រម៉ៃ តែដើម្បីផលប្រយោជន៍ពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឆ្លើយតបទៅក្រុមប្រឆាំងថា ការដាក់ចេញគោលដៅនៅឆ្នាំ២០៥០ កម្ពុជាមានប្រាក់ចំណូលខ្ពស់នោះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ក៏ប្ដេជ្ញាសម្រេចឲ្យបានផងដែរ។ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបានរិះគន់ពីគោលនយោបាយរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី ពិសេសត្រង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃទី២១ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ពីមហិច្ឆតានៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ។ សម្ដេចបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែជាគោលដៅសំខាន់ ដើម្បីរុញប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្រាប់ចំណុចនេះ សម្តេចតែងតែលើកឡើងជារឿយពីមហិច្ឆតាឲ្យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បើតាមសម្ដេចនៅតែមានអ្នកសើចយំចំអកជានិច្ច ថា ជាការស្រមើលស្រម៉ៃ ហើយសម្តេចថា អ្នកខ្លះអានតែសៀវភៅក្នុងបន្ទបតូចមួយទេ តែចេញគំនិតខ្លួនគេមកស្អីក៏ត្រូវដែរ ប៉ុន្តែរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញស្អីក៏ខុសដែរ ។ សម្តេចបន្តនិយាយថា អ្នកមនុស្សខ្លះទៀតថា ឡើងកាន់តំណែងប្រមាណជា៩០ថ្ងៃហើយ តែមិនឃើញលទ្ធផលអ្វីទេ តែសម្តេចថា ត្រឹម៩០ថ្ងៃឲ្យឃើញលទ្ធផលធំធេងម៉េចកើត? ព្រោះសូម្បីតែស្រ្តីពពោះក៏ត្រូវការពេលជាង៩ខែដែរ។ សម្តេចគូសបញ្ជាក់ត្រឡប់ទៅវិញថា «អ្នកខ្លះគេថា រដ្ឋាភិបាលដាក់ស្អី២០៥០ ដេកស្រមើលស្រម៉ៃ ។ វាទាមទារ នូវការស្រម៉ៃ ការដាក់ទើសដៅ ដើម្បីយើងខំប្រឹង។ បើរដ្ឋាភិបាលមិនដាក់សូចនាករ២០៥០ ជាប្រទេសអ្នកមាន ដាក់ម៉ាល្មមទៅ ចឹងមិនបាច់ខំប្រឹង ។ តែយើង ត្រូវដាក់ឲ្យខ្ពស់ខំប្រឹងសម្រេចឲ្យបាន ដើម្បីផលប្រយោជន៍ឲ្យប្រជាជនយើងឲ្យបានកាន់តែច្រើន នេះជាអ្វីដែលយើងធ្វើ»។
សម្ដេចបន្ដថា អ្នកដែលថារាជរដ្ឋាភិបាល «ដេក» ប្រហែលអត់មើលសកម្មភាពរបស់រាជរដ្ឋាភិបាលទេដឹង? ចុះជួបកម្មករ និយោជិត មិនជួបតាមសុបិន្តទេ គឺជួបផ្ទាល់។ សម្ដេច បន្ថែមថា គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាពដែលដោយលំបាករបស់រាជរដ្ឋាភិបាលនីតិកាលចាស់ រក្សាស្ថេរភាព រក្សាសមិទ្ធផល បង្កើតសមិទ្ធផលថ្មី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ៕EB