សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ជានាយរងការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ត្រូវជាស្វាមីរបស់លោកស្រី ដែលបានទទួលមរណភាពនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៣៤ឆ្នាំ។

ស្ថិតក្នុងវេលាប្រកបដោយទុក្ខព្រួយ ដ៏សង្វេគក្រៀមក្រំនេះ សម្តេចក្រឡាហោម ស ខេង សូមចូលរួមរំលែកមរណទុក្ខ ដោយសេចក្តីអាឡោះអាល័យជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ស្វាមីជាទីគោរពស្រលាញ់ដ៏ជ្រាលជៅ និងប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចមោះមុតមួយរូប ដែលតែងខិតខំបំពេញភារកិច្ចយ៉ាងសកម្មរហូតពលីជីវិត ក្នុងបុព្វហេតុ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ