ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំឱ្យមន្ដ្រីក្រោមឱវាទសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រហូតដល់អាយុ ១៨ឆ្នាំ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាដល់បណ្ដាលក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើសទម្ងន់ នាំឱ្យផ្លូវថ្នូឆាប់ខូច ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។


សម្ដេចក្រឡាហោម បញ្ជាក់ថា «ខ្ញុំ មើលព័ត៌មាននៅសហរដ្ឋអាមេរិក អ្នកបើកបរបង្កគ្រោះថ្នាក់ ទៅដល់រងទុក្ខជាអ្នកអនីតិជន អ្នកនោះឯង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ ថែរក្សា រហូតដល់អាយុ ១៨ឆ្នាំ សូមឱ្យ ឯកឧត្តម-លោកជំទាវ ត្រូវស្រាវជ្រាវករណី ហើយក៏ជាជំនួយស្មារតីមួយដែរ ដើម្បីដាក់ទោស ឬក៏ដាស់តឿន ទៅដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។

នាឱកាសនោះ សម្ដេច ប្រធាន គ.ស.ច.គ បានលើកឡើងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និង ដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២,៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២,៥៧៩នាក់)។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧នាក់ និងខេត្តកំពង់ចាមចំនួន ១៣១នាក់។ មូលហេតុបណ្តាលឱ្យ មានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់៣៩% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១០% បត់៩% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ