ប្រទេសអង់គ្លេស ធ្វើការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានដកចេញ ជំនួសវិញដោយរដ្ឋមន្ត្រីក្រសួងការបរទេស
អង់គ្លេស៖នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃចន្ទបានបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃលោកស្រី Suella Braverman ខណៈដែលនាយករដ្ឋមន្ត្រីរូបនេះបានចាប់ផ្តើមរុះរើគណៈរដ្ឋមន្ត្រីកំពូលជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNBCនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការិយាល័យរបស់ លោកនាយករដ្ឋមន្ត្រី Sunak បានបញ្ជាក់ថារដ្ឋមន្ត្រីការបរទេស James Cleverly នឹងជំនួស លោកស្រី Suella Bravermanខណៈលោក David Cameronវិញត្រូវបាន ប្រកាសជារដ្ឋមន្ត្រីការបរទេសថ្មី នេះជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយមិនធ្លាប់មានពីមុនមក។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Cleverly បាននិយាយថា វាគឺជា “កិត្តិយសដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”"គោលដៅទី១ ហើយច្បាស់បំផុតនោះ គឺរក្សាសុវត្ថិភាពប្រជាជនក្នុងប្រទេសនេះ»។
លោក Cameron បាននិយាយបន្តថាប្រទេសនេះកំពុងប្រឈមមុខនឹង "បញ្ហាប្រឈមអន្តរជាតិដ៏គួរឱ្យភ័យខ្លាច" ចំពេលមានសង្រ្គាមដែលកំពុងបន្តជាក់ស្តែងនៅក្នុងប្រទេស នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសថ្មី គឺលោក Cameron បាននិយាយថា "ការផ្លាស់ប្តូរកម្រនេះ មានសារៈសំខាន់សម្រាប់ប្រទេសអង់គ្លេស ក្នុងការឈរក្បែរសម្ព័ន្ធមិត្តរបស់យើង ពង្រឹងភាពជាដៃគូរបស់យើង"។
សូមបញ្ជាក់មូលហេតុនៃការលោកស្រី Suella Braverman រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញគឺបន្ទាប់ពីលោកស្រី បានរិះគន់ថា ប៉ូលិសប្រកាន់ជំហរលម្អៀងទៅលើ ចលនាបាតុកម្មគាំទ្រប៉ាឡេស្ទីន។កាលពីសប្តាហ៍មុន លោកស្រី Braverman បានចេញអត្ថបទមួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអង់គ្លេស ដោយមានខ្លឹមសារចោទប្រកាន់ប៉ូលិសអង់គ្លេសថា ប្រកាន់នូវស្តង់ដាពីរ ក្នុងការប្រព្រឹត្តទៅលើសកម្មភាពបាតុកម្ម ពោលគឺមានភាពលម្អៀងទៅកាន់ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។ ការចោទប្រកាន់របស់លោកស្រី ត្រូវគណបក្សប្រឆាំងអះអាងថា បានបង្កើនភាពតានតឹងអំឡុងចលនាបាតុកម្មគាំទ្រប៉ាឡេស្ទីន និងសកម្មភាពបាតុកម្មប្រឆាំងចលនានោះ នៅក្នុងចក្រភពអង់គ្លេស៕