អាមេរិក៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យទី២១ ខែកក្កដាថា លោកគិតថា អនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris ងាយយកឈ្នះក្នុងការបោះឆ្នោត ជាងប្រធានាធិបតីប្រជាធិបតេយ្យ ចូ បៃឌិន។ លោក បៃឌិន បានប្រកាសឈប់ប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មី។

លោក ត្រាំ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា លោកស្រី Kamala Harris នឹងងាយស្រួលផ្តួលជាងលោក បៃឌិន។ លោក ត្រាំ បានវាយប្រហារលោក បៃឌិន និងលោកស្រី Kamala Harris នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបាននិយាយថា លោក បៃឌិន មិនសមក្នុងការបន្តធ្វើជាប្រធានាធិបតី។ 

ទន្ទឹមនឹងនោះ លោក ត្រាំ នៅក្នុងការប្រកាសនៅលើវេទិកាសង្គម Truth Social របស់លោកថា៖«យើងនឹងរងទុក្ខយ៉ាងខ្លាំង ដោយសារតែការកាន់តំណែងជាប្រធានាធិបតី បៃឌិន ប៉ុន្តែយើងនឹងជួសជុលការខូចខាតដែលគាត់បានធ្វើយ៉ាងឆាប់រហ័ស»។ 

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោកមិនព្រួយបារម្ភអំពីការប្រឈមមុខនឹងលោកស្រី ហារីស ទេ ព្រោះពួកគេអាចវាយប្រហារលោកស្រីទៅនឹងកំណត់ត្រារបស់លោក បៃឌិន ជាពិសេសលើបញ្ហាអន្តោប្រវេសន៍ និងអតិផរណា។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យុទ្ធនាការរបស់លោក ត្រាំ និងសម្ព័ន្ធមិត្តមួយចំនួន បានបើកការវាយប្រហារនយោបាយជាមុន លើលោកស្រី ហាររីស ដើម្បីព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី ចំពេលមានការពិភាក្សាដែលលោកស្រីអាចជំនួសលោក បៃឌិន នៅក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ របស់គណបក្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ