សៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។

វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ជាសមិទ្ធផលមួយកើតចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើមពីប្រមុខ ដឹកនាំរដ្ឋាភិបាលកម្ពុជា-ចិន។

សូមបញ្ជាក់ថា អាកាសយានដ្ឋានដ៏ធំនេះ ជាការកសាងហេដ្ឋា រចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំ ៧០០,០៦ហិកតា និងមានដីបម្រុងប្រមាណ ១,០០០ហិកតា សម្រាប់ការកសាងតំបន់អភិវឌ្ឍន៍ពហុបំណង (សេដ្ឋកិច្ច- ទេសចរណ៍-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល អាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/ Airport City» នាពេលខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ