ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារ តាមការកំណត់ និងមានម៉ោងសម្រាប់ហាត់ប្រាណ និងថែទាំជំងឺ ជាដើម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក។

នាឱកាសអញ្ជើញទទួលជួបលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានលើកឡើងថា «ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការ ថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ និងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ»។

ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី បានឲ្យដឹងថា ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត។ បន្ថែមពីនេះ លោក បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈអាទិភាព៦ចំណុច ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈអាទិភាព៦ចំណុចក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១។

លោក វីទិត មុនតាប៊ុន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមាន វឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ និងបានថ្លែងអំណរគុណចំពោះ គ.ស.ម.ក ដែលបានរៀបចំកិច្ចជំនួបនេះ ប្រកបដោយ បរិយាកាសស្និទ្ធស្នាល យោគយល់ និងនាំមកនូវលទ្ធផលគួរជាទីមោទកៈ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ