កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ CLV
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយជោគជ័យ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយ លោកប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំង៣ ប្រទេស ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំង៣។
លើសពីនេះ ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។
កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម»។
កិច្ចប្រជុំ មានការចូលរួមពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងធនាគារពិភពលោក(WB) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលសរុបចំនួនប្រមាណ៣០០នាក់។
កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ គឺជាការតម្លើងការជួបប្រជុំគ្នារវាងសភាកម្ពុជា ឡាវ និងវៀតណាម ពីកម្រិតគណៈកម្មការជំនាញ មកដល់កម្រិតថ្នាក់ដឹកនាំរដ្ឋសភា ស្របតាមកិច្ចព្រមព្រៀងដែលប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា គំាទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA តាមរយៈការលើកកម្ពស់យន្តការសភានៃប្រទេសទំាងបី ឱ្យកាន់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការពង្រឹងយន្តការសភាក្នុងការចូលរួមដល់គម្រោងអភិវឌ្ឍន៍ CLV-DTA នាពេលនេះ គឺជាសក្ខីភាពមួយបម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានបង្កើតនៅឆ្នាំ១៩៩៣ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មានចំនួន១៣ខេត្ត ក្នុងនោះប្រទេសកម្ពុជាមានចំនួន៤ខេត្ត គឺខេត្តរតគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ចំណែកប្រទេសឡាវ មាន៤ខេត្ត ហើយប្រទេសវៀតណាមមាន ៥ខេត្ត៕