ស្ត្រីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតទាំងនៅវ័យក្មេងដោយខឹង និងឪពុកម្តាយឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ គន្ទៀង គុយ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។
លោក ក្លល ថើង អធិការស្តីទីនគរបាលស្រុកលំផាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ថា ជនរងគ្រោះមានឈ្មោះ គុយ វីណា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរបុគ្គលិកពេទ្យឯកជន(ពេទ្យស្កាយអ៊ីននៅខេត្តរតនគិរី)មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។ មូលហេតុជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងគឺនាងមានវិបត្តិក្នុងគ្រួសារ ខឹងនិងឪពុកម្ដាយឈ្លោះប្រកែកគ្នាជាច្រើនដងដោយខ្លួនខ្មាស់អ្នកជិតខាងពេក។ លោកថា កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីធ្វើការនៅក្នុងខេត្តមកហូបបាយពេលល្ងាចជួបជុំសមាជិកក្នុងគ្រួសារ ហើយបានចូលសម្រាករៀងៗខ្លួន ដូចសព្វមួយដង។
ដោយឡែកតែជនរងគ្រោះមិនបានចូលសម្រាកនោះទេ ដោយនៅសរសេររបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន លុះមកដល់ម៉ោងប្រហែលម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែធ្នូនេះម្ដាយរបស់ជនរងគ្រោះបានឮសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើង នឹកស្មានថាមានចោរចូលលួចគាស់ផ្ទះ រួចក៏បានដាស់ឪពុករបស់ជនរងគ្រោះឲ្យងើបមើល ប៉ុន្តែមិនបានឃើញមានអ្វីគួរឲ្យចម្លែកនោះទេ ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើក្ដារ មានអាការៈ ដង្ហក់ និងក្អួតចង្អោរ ភ្លាមៗនោះដែរក្រុមគ្រួសាររងគ្រោះក៏បានរកឡានអ្នកភូមិដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពេលទៅដល់ពេទ្យ ជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកលំផាត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២ បានធ្វើកោសល្យវិច្ច័យសព និងការសាកសួរប្រមូលព័ត៌មាននៅកន្លែងកើត ហេតុ បានធ្វើការសន្និដ្ឋានថាករណីនេះ ជាករណីធ្វើអត្តឃាតដោយខ្លួនឯង លេបថ្នាំសម្លាប់ខ្លួនពិតប្រាកដមែន ប៉ុន្តែមិនបានស្គាល់ថ្នាំជនរងគ្រោះលេបនោះទេ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច៕sp