កំពង់ស្ពឺ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនសរុបជាង១គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។


មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែមករានេះថា ការចុះបង្ក្រាបនេះ ដោយកម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងក្រោមការសម្របសម្រួល ពីលោក ស៉ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឈានដល់បង្ក្រាបជនសង្ស័យជាបន្តបន្ទាប់។

ដោយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គា វ៉ាន់ឆៃ ភេទប្រុស កើតឆ្នាំ១៩៩៨ នៅបណ្តោយផ្លូវជាតិលេខ៤ ភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់បានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ១២៤៩.៨៨ក្រាម (១គីឡូ ២៤៩.៨៨ក្រាម) និងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស្វាយ សុខការ ភេទប្រុស កើតឆ្នាំ១៩៩៥ នៅបណ្តោយផ្លូវលំ ភូមិសហគមន៍ខាងកើត ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់បានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥.៦៣ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់។ ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ