រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាសរុប ៩៦៨,៣៩០ដុល្លារអាមេរិក ដល់អង្គការចំនួន២ របស់កម្ពុជា សម្រាប់ពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ ក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នា ក្នុងខេត្តកណ្តាល ក្រោយគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន។ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០  ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គភាពទទួលជំនួយទាំង២។

ដោយគម្រោងទី១ គឺគម្រោងសល្យសាស្ត្រកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី២) នូវថវិកាចំនួន ៦៩៤,៥៣៩ដុល្លារ អង្គភាពទទួលជំនួយ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ ។នៅក្នុងគម្រោងនេះមានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ ក្នុងខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលបុគ្គលិកពេទ្យនៃមន្ទីរបង្អែកខេត្ត មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តសុខភាពភូមិនៅក្នុងខេត្តក្រចេះ។ 

ដោយឡែកគម្រោងទី២ គឺសម្រាប់គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃ ការអប់រំបរិយាប័ន្ន (ឆ្នាំទី២) នូវថវិកាចំនួន ២៧៣,៨៥១ដុល្លារ គម្រោងនេះបង្កើតនូវប្រព័ន្ធវាយតម្លៃលើការអប់រំបរិយាប័ន្ន និងការអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់ការបង្កើតសមត្ថភាពរបស់គណៈកម្មការគាំទ្រជនពិការភាពថ្នាក់រដ្ឋបាលឃុំ។

 តាមរយៈគម្រោងនេះបរិយាកាសសិក្សា និងគុណភាពនៃការអប់រំសម្រាប់កុមារដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជាទាំងមូលនឹងត្រូវបានកែលម្អ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា តាមរយៈការសង្កេតឃើញថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែ នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជនដូចជា៖ ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមរួមទាំងបរិស្ថានជំវិញ សុខាភិបាល និងការអប់រំ។ 

គួរបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៤១លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៣០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពសម្អាតមីន ក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ